John Murphy

John Murphy នឹងកាន់តំណែងជាប្រធានក្រុមហ៊ុន និងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកូកា-កូឡា

Brian Smith នឹងចូលនិវត្តន៍ក្នុងនាមជាប្រធានក្រុមហ៊ុន និងអគ្គនាយកផ្នែកប្រតិបត្តិការ

01-12-2022

អាត្លង់តា, 21 កក្កដា 2022 – ថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡា បានប្រកាសថាលោក John Murphy នឹងចូលកាន់តំណែងជាប្រធានក្រុមហ៊ុន និងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកូកា-កូឡា ចាប់ពីថ្ងៃទី 1 តុលា តទៅ។ Murphy ដែលបច្ចុប្បន្នបម្រើការជាអនុប្រធានប្រតិបត្តិ និង CFO នឹងបន្ថែមតួនាទីជាប្រធានក្រុមហ៊ុន បន្ទាប់ពី Brian Smith ចូលនិវត្តន៍។

Smith ដែលមានវ័យ 66ឆ្នាំ បានបម្រើការជាប្រធានក្រុមហ៊ុន និងអគ្គនាយកផ្នែកប្រតិបត្តិការ តាំងពីឆ្នាំ 2019 ។ លោកនឹងបន្តនៅជាមួយក្រុមហ៊ុនក្នុងនាមជានាយកប្រតិបត្តិជាន់ខ្ពស់ ដល់ខែកុម្ភៈ 2023។

“Brian បានរួមចំណែកយ៉ាងច្រើនមិនអាចគណនាបានចំពោះក្រុមហ៊ុនកូកា-កូឡា ក្នុងរយៈពេល 25ឆ្នាំ ដែលលោកបំរើការងារក្នុងក្រុមហ៊ុន” នេះជាប្រសាសន៍របស់ James Quincey ដែលជាប្រធានក្រុមប្រឹក្សាភិបាល និង CEO នៃក្រុមហ៊ុនកូកា-កូឡា។ “ខ្ញុំសូមអរគុណលោកដែលបានបម្រើក្រុមហ៊ុន ហើយក្នុងនាមក្រុមហ៊ុន សូមជូនសព្វសាធុការពរដល់លោក។”

Murphy ដែល​មាន​វ័យ 60ឆ្នាំ បាន​បម្រើការ​ជា CFO ចាប់តាំង​ពី​ឆ្នាំ 2019 មក។ លោកមើលខុសត្រូវលើការសហការចូលហ៊ុន & ការទិញក្រុមហ៊ុន, ទំនាក់ទំនងវិនិយោគិន យុទ្ធសាស្ត្រសាកល ពន្ធ ហិរញ្ញវត្ថុ សវនកម្ម គណនេយ្យ និងការត្រួតពិនិត្យ ការរាយការណ៍ និងការវិភាគ អចលនទ្រព្យ និងការគ្រប់គ្រងហានិភ័យ។ ក្នុងនាមជាប្រធានក្រុមហ៊ុន និង CFO លោកនឹងទទួលភារកិច្ចបន្ថែម រួមទាំងការមើលខុសត្រូវលើផ្នែកបណ្ដាក់ទុនសាកល Platform Services, online-to-offline (O2O) digital transformation និងការដឹកនាំផ្នែកអតិថិជននិងពាណិជ្ជកម្ម។

Quincey មានប្រសាសន៍ថា “John គឺជាដៃគូនិងជាអ្នកដឹកនាំធុរកិច្ចដ៏សំខាន់នៅក្នុងក្រុមហ៊ុន”។ “ក្នុងនាមជាប្រធានក្រុមហ៊ុន និង CFO តួនាទីថ្មីរបស់ John នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគិតគូរទាំងឡាយចំពោះសហគ្រាសនៃបណ្តាញ កូកា-កូឡាទាំងមូល។” 

Coca Cola wall

អំពី Brian Smith

Smith បាន​កាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន និង COO ក្នុង​ឆ្នាំ 2019 ក្រោយ​ពី​បាន​បម្រើការ​ពីរឆ្នាំ​ជា​ប្រធាន​នៃ​អតីត​ក្រុមហ៊ុន​ប្រចាំ​នៅ​អឺរ៉ុប មជ្ឈឹមបូព៌ា និង​អាហ្វ្រិក។ លោកមានការទទួលខុសត្រូវចំពោះប្រតិបត្តិការនៅអង្គភាពអាជីវកម្មចំនួន ៦ ចាប់ពីអឺរ៉ុបខាងលិច ដល់រុស្ស៊ី រហូតដល់អាហ្វ្រិកខាងត្បូង។

មុនពេលកាន់តួនាទីនោះ ពីឆ្នាំ 2013 ដល់ 2016 លោក Smith គឺជាប្រធានក្រុមហ៊ុនប្រចាំនៅអាមេរិកឡាទីន។ បទពិសោធន៍សំខាន់ៗដែលលោកផ្ដោតលើរួមមាន ការអភិវឌ្ឍនិងការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រួមជាមួយការកសាងភាពនាំមុខគេរបស់កូកា-កូឡា នៅក្នុងវិស័យភេសជ្ជៈគ្មានហ្គាស តាមរយៈម៉ូដែលអាជីវកម្មជាប្រព័ន្ធដែលបានតម្រង់ទិសថ្មី ព្រមទាំងពង្រឹងការទិញក្រុមហ៊ុនក្នុងផ្នែកទឹកផ្លែឈើ តែ និងផលិតផលធ្វើពីទឹកដោះគោ។

Smith បានចូលរួមជាមួយកូកា-កូឡាក្នុងឆ្នាំ 1997 ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រចាំនៅអាមេរិកឡាទីន ដោយទទួលបន្ទុកលើការបញ្ចូលក្រុមហ៊ុនចូលគ្នា និងការទិញក្រុមហ៊ុនថ្មីៗ។ លោកទទួលខុសត្រូវលើប្រតិបត្តិការផលិតដបនិងពាណិជ្ជសញ្ញា ព្រមទាំងបានជួយបង្កើតនិងប្រតិបត្តិយុទ្ធសាស្ត្រហ្វ្រេនឆាយជាប្រព័ន្ធ។

ពី​ឆ្នាំ 2001 ដល់ 2002 លោក​បាន​បម្រើការ​ជា​ជំនួយការ​ប្រតិបត្តិ​របស់​អគ្គនាយក​ផ្នែក​ប្រតិបត្តិ​និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន។ ពី​ឆ្នាំ 2002 ដល់ 2008 លោក​គឺ​ជា​ប្រធាន​សាខា​ក្រុមហ៊ុន​ប្រចាំ​នៅ​ប្រេស៊ីល ហើយ​ពី​ឆ្នាំ 2008 ដល់ 2012 លោក​បាន​បម្រើការ​ជា​ប្រធាន​សាខា​ប្រចាំ​នៅ​ម៉ិកស៊ិក។

ក្រុមហ៊ុន​កំពុង​វាយតម្លៃ​ផែនការ​អនាគត​របស់​ខ្លួន​សម្រាប់​តួនាទី​អគ្គនាយក​ផ្នែក​ប្រតិបត្តិការ។ ប្រធាន​នៃ​អង្គភាព​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នឹង​រាយការណ៍​ជូន Quincey ដែល​កំពុង​កាន់​តំណែង​ស្ដីទី។

អំពី John Murphy

ក្នុង​នាម​ជា CFO, Murphy មាន​ការទទួលខុសត្រូវ​ចំពោះ​ការដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​សាកល​របស់​ក្រុមហ៊ុន និង​តំណាង​ឲ្យ​ក្រុមហ៊ុន​ជាមួយ​ភាគីពាក់ព័ន្ធ​ជាច្រើន​រួមមាន​វិនិយោគិន ម្ចាស់កម្ចី និង​ទីភ្នាក់ងារ​វាយតម្លៃ។

ពី​ឆ្នាំ 2016 ដល់ 2018 Murphy បាន​បម្រើការ​ជា​ប្រធាន​នៃ​អតីត​ក្រមហ៊ុន​ប្រចាំ​នៅ​អាស៊ី​ផាស៊ីហ្វិក។ លោក​ក៏​ទទួលខុសត្រូវ​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ផលិត​ដប​របស់​ក្រុមហ៊ុន​ដែរ ដែល​ផ្ដោត​ជា​ចម្បង​លើ​ទីផ្សារ​សំខាន់ៗ​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ី​ផាស៊ីហ្វិក។

ពី​ឆ្នាំ 2013 ដល់ 2016 Murphy បាន​បម្រើការ​ជា​ប្រធាន​ក្រុមហ៊ុន​ប្រចាំ​នៅ​អង្គភាព​អាជីវកម្ម​ឡាទីន​ខាងត្បូង ដែល​លោក​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រតិបត្តិការ​នៅ​អាហ្សង់ទីន បូលីវី ស៊ីលី ប៉ារ៉ាហ្កាយ ប៉េរូ និង​អ៊ុយរូហ្កាយ។ ពី​ឆ្នាំ 2008 ដល់ 2012 លោក​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ប្រចាំ​នៅ​អង្គភាព​អាជីវកម្ម​ឡាទីន​កណ្ដាល ដែល​ទទួលខុសត្រូវ​ចំពោះ​ប្រតិបត្តិការ​នៅ 31 ប្រទេស នៃ​អាមេរិក​កណ្ដាល តំបន់​ការីប៊ីន និង​តំបន់​អង់ឌាន។

លោក​បាន​ចាប់ផ្ដើម​អាជីព​របស់​លោក​នៅ​កូកា-កូឡា​ក្នុង​ឆ្នាំ 1988 ក្នុង​នាម​ជា​សវនករ​ផ្ទៃក្នុង​អន្តរជាតិ ហើយ​ក្នុង​ឆ្នាំ 1991 បាន​ផ្លាស់ទី​ទៅ​កូកា-កូឡា​ជប៉ុន ក្នុង​នាម​ជា​ជំនួយការ​ប្រតិបត្តិ​របស់ CFO។ លោក​បាន​បន្ត​បម្រើការ​ដោយ​បន្ថែម​ការទទួលខុសត្រូវ​នៅក្នុង​តួនាទី​ហិរញ្ញវត្ថុ រៀបផែនការ និង​ប្រតិបត្តិការ​ជាច្រើន​នៅ​កូកា-កូឡា​ជប៉ុន ហើយ​បន្ទាប់​មក​បាន​ធ្វើការ​ឲ្យ​ដៃគូ​ផលិត​ដប​កូកា-កូឡា​នៅ​សិង្ហបុរី គឺ F&N Coca‑Cola Ltd.។

ក្នុង​ឆ្នាំ 1996 Murphy បាន​ត្រឡប់​ទៅ​កូកា-កូឡា​វិញ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​នៅ​ឥណ្ឌូនេស៊ី។ ក្នុង​ឆ្នាំ 2000 លោក​បាន​បម្រើការ​ជា​អនុប្រធាន​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន​កូកា-កូឡា ប្រចាំ​នៅ​អាមេរិក​ខាងជើង មុនពេល​ត្រឡប់​ទៅ​កូកា-កូឡា​ជប៉ុន​វិញ ក្នុង​នាម​ជា​អនុប្រធាន​ប្រតិបត្តិ និង CFO។ ក្នុង​ឆ្នាំ 2004 លោក​បាន​ទទួល​ការតែងតាំង​ជា​អនុប្រធាន​ក្រុមហ៊ុន​កូកា-កូឡា​ជប៉ុន មុនពេល​ត្រឡប់​ទៅ​អាត្លង់តា​វិញ ក្នុង​ឆ្នាំ 2005 ក្នុង​នាម​ជា​អនុប្រធាន​ផ្នែក​រៀបផែនការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​កូកា-កូឡា ដោយ​លោក​កាន់​តំណែង​នេះ​រហូតដល់​លោក​បាន​ក្លាយ​ជា​ប្រធាន​នៃ​អង្គភាព​អាជីវកម្ម​ប្រចាំ​នៅ​ឡាទីន​កណ្ដាល ក្នុង​ឆ្នាំ 2008។

មុនពេល​ចូលរួម​ជាមួយ​កូកា-កូឡា Murphy បាន​ធ្វើការ​បួនឆ្នាំ​ក្នុង​នាម​ជា​សវនករ​ឲ្យ​ក្រុមហ៊ុន Price Waterhouse នៅ​ឌុយប្លាំង។

អំពីក្រុមហ៊ុនកូកា-កូឡា

ក្រុមហ៊ុនកូកា-កូឡា (NYSE: KO) គឺជាក្រុមហ៊ុនផលិតភេសជ្ជៈគ្រប់មុខ ដែលដាក់លក់ផលិតផលខ្លួននៅក្នុងប្រទេស និងដែនដីជាង 200 ។ គោលបំណង​របស់​ក្រុមហ៊ុន​យើង​គឺ​ធ្វើ​ឱ្យ​ពិភពលោក​មាន​ភាពស្រស់ស្រាយ និង​បង្កើត​ភាពខុសប្លែក​ជា​វិជ្ជមាន។ យើង​លក់​ពាណិជ្ជសញ្ញា​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​វិស័យ​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​នៅ​ទូទាំង​ពិភពលោក។ បណ្ដុំ​នៃ​ពាណិជ្ជសញ្ញា​ភេសជ្ជៈ​មាន​ពពុះ​របស់​យើង​រួមមាន​កូកា-កូឡា ស្ព្រៃ និង​ហ្វាន់តា។ ពាណិជ្ជសញ្ញា​ភេសជ្ជៈ​ផ្ដល់​ជាតិទឹក សម្រាប់​កីឡា កាហ្វេ និង​តែ​របស់​យើង​រួមមាន ដាសានី, smartwater, vitaminwater, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និង Ayataka។ ពាណិជ្ជសញ្ញា​ភេសជ្ជៈ​ផ្ដល់​ជីវជាតិ ទឹកផ្លែឈើ ផលិតផល​ទឹកដោះគោ និង​ភេសជ្ជៈ​ធ្វើ​ពី​រុក្ខជាតិ​របស់​យើង​រួមមាន Minute Maid, Simply, innocent, Del Valle, fairlife និង AdeS។ យើងតែងសម្របទៅតាមការផ្លាស់ប្ដូរជាបន្តបន្ទាប់ ចាប់ពីការកាត់បន្ថយជាតិស្ករនៅក្នុងភេសជ្ជៈរបស់យើង រហូតដល់ការនាំផលិតផលច្នៃប្រឌិតថ្មីចូលទៅកាន់ទីផ្សារ។ យើងព្យាយាមបង្កើតឥទ្ធិពលវិជ្ជមានដល់ជីវភាពរបស់ប្រជាជន សហគមន៍ និងផែនដី តាមរយៈការបំពេញឲ្យកកើតទឹកឡើងវិញ ការធ្វើនិស្សរណកម្មសម្បកវេចខ្ចប់ ការអនុវត្តការស្វែងរកប្រភពប្រកបដោយចីរភាព ព្រមទាំងការកាត់បន្ថយការបញ្ចេញកាបូននៅគ្រប់ចង្វាក់ផលិតកម្មដ៏មានតម្លៃរបស់យើង។ ដោយរួមគ្នាជាមួយដៃគូផលិតដបរបស់យើង យើងបានជួលបុគ្គលិកជាង 70ម៉ឺន នាក់ និងបានជួយបង្កើតឱកាសសេដ្ឋកិច្ចដល់សហគមន៍ក្នុងស្រុក នៅទូទាំងពិភពលោក។

ស្វែងយល់បន្ថែមនៅ www.coca-colacompany.com ហើយតាមដានយើងនៅលើ Twitter, Instagram, Facebook និង LinkedIn

Related Content